ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី " យន្តការបែងចែកផលប្រយោជន៍សម្រាប់គម្រោង REDD+ នៅកម្ពុជា "។ សិក្ខាសាលាពិគ្រោះយោបល់រៀបចំសម្របសម្រួលដោយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសហគមន៍ព្រៃឈើ ក្នុងតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (RECOFTC) ប្រព្រឹត្តទៅនៅសណ្ឋាគារសុវណ្ណភូមិ ទីរួមខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ហ៊ូ កល្យាណ នាយិកា នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសហគមន៍ព្រៃឈើ ក្នុងតំបន់សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (RECOFTC) និងមានការអញ្ជើញចូលរួមពីលោកប្រធាន ឬតំណាងមន្ទីរបរិស្ថាន និងនាយខណ្ឌរដ្ឋបាលព្រៃឈើ មកពីខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ចំណែកអាជ្ញាធរឃុំដែលមានការពាក់ព័ន្ធនឹងគម្រោង REDD+ ក៏មានការអញ្ជើញចូលរួមផងដែរ តំណាងសហគមន៍ព្រៃឈើ សហគមន៍នេសាទ តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា និងបងប្អូនសហគមន៍ជនជាតិដើមភាគតិច សរុបអ្នកចូលរួមចំនួន ៣៨នាក់ ស្រី ០៧នាក់។ សូមជម្រាបជូនមេត្តាជ្រាបថា គម្រោង REDD+ ជាយន្តការអន្តរជាតិមួយសម្រាប់ជួយបញ្ឈប់ការបាត់បង់ព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។
ការអនុវត្តគម្រោង REDD+ គឺ ៖ ការកាត់បន្ថយការបញ្ចេញឧស្ម័ន ពីការបាត់បង់ព្រៃឈើ និងការរេចរឹលព្រៃឈើ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ គោលការណ៍អន្តរជាតិ នៃយន្តការគម្រោង REDD+ គឺ៖ ១-ប្រទេសអភិវឌ្ឍន៍ ប្រទេសឧស្សាហកម្មជឿនលឿន ដែលបានបញ្ចេញឧស្ម័នកាបូនិច ត្រូវបង់ថវិកា ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីយកថវិកា មកថែរក្សាការពារព្រៃឈើ អភិរក្សព្រៃឈើ ដាំស្ដារព្រៃឈើឡើងវិញ។ ២-ប្រទេសដែលទទួលផលពីយន្តការ REDD+ គឺប្រទេសដែលថែរក្សាការពារព្រៃឈើ ដាំស្ដារព្រៃឈើឡើងវិញ ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសដែលប្រើប្រាស់ព្រៃឈើប្រកបដោយនិរន្តរភាព . . .។ល។
ការអនុវត្ត REDD+ ផ្អែកលើលទ្ធផល ចែករំលែកអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសមធម៌ លើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់ការអភិវឌ្ឍន៍ គិតគូរពីផលប្រយោជន៍ហិរញ្ញវត្ថុពីកិច្ចខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ និងការកាត់បន្ថយការបំភាយឧស្ម័ន។