ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា និង រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅត្រពាំងជីត្រេះ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី។
អមដំណើរដោយឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង, លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋានខេត្ត, លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ និងលោកនាយករដ្ឋបាលសាលាខេត្តកោះកុង។
ចំពោះអ្នកចូលរួមនាឱកាសនេះមានដូចជា៖ ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក ប្រធានមន្ទីរ អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ មន្រ្តីរាជការ ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច អង្គការដៃគូអភិវឌ្ឍន៍ កងកម្លាំងការពារ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធីសរុបប្រមាណ ៣០០នាក់។
នាឱកាសនោះផងដែរ លោកជំទាវ ក៏បានសូមសំណូមពរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវពិនិត្យមើលនូវរាល់ចំណុចខ្វះខាត ហើយលើកយកមកជជែក ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយ និងរកវិធីសាស្ត្រ ក៏ដូចជាវិធានការនានា ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។ ទន្ទឹមគ្នានេះដែរ លោកជំទាវ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ដូចតទៅ៖
១-សូមចុះទៅពិនិត្យមើល ស្រែ ចម្ការ របស់បងប្អូនឱ្យបានញឹកញាប់ ថាតើមានសត្វល្អិត ឬជំងឺអ្វីខ្លះមកបំផ្លាញដំណាំ និងធ្វើការកំចាត់ឱ្យទាន់ពេលវេលា ឬរាយការណ៍មកភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ដែលនៅជិតបងប្អូនស្រាប់ ចៀសវាងប៉ះពាល់ដល់ទិន្នផលដំណាំរបស់បងប្អូនកាន់តែធ្ងន់ធ្ងរ,
២-ការចិញ្ចឹមគោ-ក្របី សូមកុំលែងវាឱ្យទៅវាលស្មៅ និងប្រភពទឹករួម ព្រោះជាហេតុបង្កឱ្យមានការឆ្លងរាលដាលលឿនដល់ហ្វូងសត្វគោ-ក្របីរបស់បងប្អូន។ ត្រូវតែមានខ្សែកន្លុះ និងក្រោលត្រឹមត្រូវដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងថែទាំចាក់វ៉ាក់សាំងបានទៀងទាត់ម្យ៉ាងទៀត សូមកុំលែងសត្វចូលទៅក្នុងព្រៃជ្រៅ ដែលលំបាកក្នុងការទៅពិនិត្យ និងព្យាបាល,
៣.ក្នុងរបរនេសាទ សូមបងប្អូនប្រជាពលរដ្ឋ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យហិនហោចមច្ឆជាតិរបស់យើង ពិសេសរដូវបិទនេសាទ,
៤.សូមបងប្អូនប្រជាពលរដ្ឋ កុំកាប់រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃលិចទឹក និងដីព្រៃឈើរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិខុសច្បាប់។
យើងទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់នូវពាក្យស្លោកថា “យើងស្រលាញ់ កោះកុង” ហើយត្រូវ ចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាន់តែរីកចម្រើន ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាកសិករ សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។