ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២
លោក នេត និវិន្ទ នាយសង្កាត់រដ្ឋបាលព្រៃឈើដងពែង លោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល និងក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោក ម៉ក់ ស្ងួនពិសី ប្រធានការិយាល័យឥណទានកា បូនព្រៃឈើ និងការប្រែប្រួលអាកាសធាតុ សហការជាមួយក្រុមហ៊ុន បានបន្តចុះពិនិត្យ និងសិក្សាវាយតម្លៃឈើដាំ ក្នុងចម្ការឈើអាកាស្យា ប្រេងខ្យល់ ក្នុងសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន CAMAGRA INVESTMENT LIMITED ស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រោយពីចុះពិនិត្យ សិក្សាជាក់ស្ដែងក្រុមការងារទទួលបានលទ្ធផលដូចជា៖
១.ក្រុមហ៊ុន CAMAGRA ដាំឈើអាកាស្យា ប្រេងខ្យល់ ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២១ សរុបលើផ្ទៃដីទំហំ ១ ៣៨០ ហិកតា ក្នុង ០១ហិកតា មានដើមឈើ ចំនួន ១ ៥០០ ដើម ទៅ ១ ៦០០ដើម មានកម្ពស់ ០៨ម៉ែត្រ ទៅ ១៥ម៉ែត្រ និងមានអង្កត់ផ្ចិត ពី ១៣សង់ទីម៉ែត្រ ទៅ ៣៦សង់ទីម៉ែត្រដាំក្នុងគម្លាត ២ម. X ៣ម.។
២.ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ក្រុមហ៊ុនបានធ្វើការដកហូតឈើយកទៅកែច្នៃជា Veneer និង Wood Pellet លើផ្ទៃដីទំហំ ៣៩២ហិកតា ដែលមានបរិមាណឈើ សរុបចំនួន ៦២ ៧២០ស្ទែរ (ជាមធ្យម ០១ហិកតា ប្រមូលផលឈើបានចំនួន ១៦០ស្ទែរ) ។
៣.ក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន CAMAGRA កំពុងដំណើរការនីតិវិធីបន្តសុពលភាពរោងម៉ាស៊ីនអារកែច្នៃឈើ Veneer និង Wood Pellet របស់ខ្លួន និងមានប្រភពឈើពីចម្ការឈើដាំ លើផ្ទៃដីទំហំ ៩៨៨ ហិកតា សម្រាប់ផ្គត់ផ្គង់កែច្នៃជាVeneer និង Wood Pellet បន្តក្នុងឆ្នាំ២០២២នេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម