ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១
លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានអនុកម្មវិធី ASPIRE ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីតាំងបង្ហាញកសិផលរបស់សមាជិកបណ្តុំអាជីវកម្ម និងដាក់ឱ្យដំណើរការទីតាំងអគារប្រមូលផ្តុំកសិផល នៅទីតាំងអគារប្រមូលផ្តុំកសិផលភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលកសិកម្មរបស់សមាជិកបណ្តុំ ដើម្បីជម្រុញការធ្វើផលិតកម្ម និងអាជីវកម្មទិញលក់កសិផលអោយកាន់តែប្រសើរ និងជួយពង្រឹងទីផ្សារសម្រាប់កសិករខ្នាតតូច ដោយភ្ជាប់ទំនាក់ទំនងអ្នកប្រមូលទិញ និងអ្នកផ្គត់ផ្គង់ធាតុចូល រួមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធផេ្សងទៀត។ ដោយមានការអញ្ជើញចូលរួមពីលោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង រួមជាមួយលោកអនុប្រធានមន្ទីរ ក្រុមទីប្រឹក្សាអនុកម្មវិធី ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងកសិករសមាជិកបណ្តុំសរុបចំនួន៥២នាក់។
ក្នុងឱកាសដ៏ពិសេសនេះគណៈអធិបតី ក៏បានលើកទឹកចិត្តអោយសមាជិកបណ្តុំអាជីវកម្ម ជាពិសេសគណៈកម្មការគ្រប់គ្រងបណ្តុំ និងអគារប្រមូលផ្តុំកសិផល ធ្វើយ៉ាងណារៀបចំកាលវិភាគនៃការផលិតរបស់សមាជិកអោយបានច្បាស់លាស់ និងសម្រសសម្រួលទាក់ទាញឈ្មួញប្រមូលទិញកសិផលអោយមកទទួលទិញនៅអគារប្រមូលផ្តុំ។ បន្ទាប់ពីបានប្រកាសប្រគល់អគារប្រមូលផ្តុំកសិផលជូនសមាជិកបណ្តុំអាជីវកម្មរួចមក គណៈអធិបតី បានអញ្ជើញទស្សនាការដាក់តាំងបង្ហាញកសិផលដែលផលិតដោយកសិករសមាជិកបណ្តុំអាជីវកម្មរួមមាន ចេក ល្ហុង ទាបបារាំង ត្រសក់ ស្ពៃក្តោប ស្ពៃបូកគោ និងកសិផលសំខាន់ៗមួយចំនួនទៀត។
ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពដាំដុះ ការប្រមូលផល និងបញ្ហាប្រឈមផ្សេងៗទៀត លោកប្រធានមន្ទីរ អមដំណើរដោយលោកអនុប្រធានមន្ទីរ ក្រុមទីប្រឹក្សា និងគណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្ម បានបន្តរចុះពិនិត្យដល់កសិដ្ឋានរបស់កសិករ ញឹម សាវុធ ដែលកំពុងដាំ និងប្រមូលផល ស្ពៃក្តោប ស្ពៃបូកគោ ហើយថែមទាំងបានបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចជា ការគ្រប់គ្រងទឹក ការកែលំអរដី និងបច្ចេកទេសសំខាន់ៗមួយចំនួនទៀតក្នុងការផលិតបន្លែ ព្រមទាំងការសម្របខ្លួនចូលទៅកាន់ទីផ្សារធំៗ។