ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១
លោក មុន ចាន់សុភាព អនុប្រធានអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកថ្មបាំង រួមដំណើរដោយ លោកស្រី ម៉ៅ ចរិយា ទីប្រឹក្សាផ្នែកទីផ្សារ លោក ស៊ឹម សុជាតិ ទីប្រឹក្សាត្រួតពិនិត្យ និងវាយតម្លៃ និងលោកស្រី ស៊ុង សុក្រខួច ភ្នាក់ងារផ្សព្វផ្សាយឃុំឬស្សីជ្រុំ បានចុះសួរសុខទុក្ខកសិករ ប៊ូ ឆោម សមាជិកបណ្តុំអាជីវកម្មបន្លែនៅភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។ ក្នុងដំណើរសាកសួរសុខទុក្ខនោះ ក្រុមការងារបានប្រមូលនូវពត៌មានពីការដាំដុះ ការលក់ទៅកាន់ទីផ្សារ បញ្ហាប្រឈម និងផែនការបន្តរបស់កសិករ។
ភរិយាកសិករ ប៊ូ ឆោម បានជំរាបជូនថាក្នុងពេលបច្ចុប្បន្ននេះគាត់កំពុងដាំដុះត្រសក់លើផ្ទៃដី ៤៥ម គុណនឹង ៧០ម ដែលមាន ២៨រង ដែលមកដល់ពេលនេះគាត់ប្រមូលផលបាន ០៤ថ្ងៃ បានផលប្រមាណ ១០០គីឡូក្រាមក្នុង០១ថ្ងៃ ហើយតាមបទពិសោធន៍នៃការដាំគ្របរង និងប្រើប្រាស់ប្រព័ន្ធទឹកដំណក់នេះ ក្នុងទំហំដូចគ្នាគាត់ប្រមូលផលបានរហូតដល់ ៣០០គីឡូក្រាម នៅថ្ងៃផ្លែច្រើនបំផុត និងរយៈពេលពេញមួយខែ។
ចំពោះតម្លៃទីផ្សារត្រសក់លក់នៅក្នុងភូមិគាត់គឺពី ១ ០០០រៀល ទៅ ២ ៥០០រៀល ដែលរាល់ថ្ងៃនេះគាត់លក់បាន ១ ៨០០រៀលក្នុង០១គីឡូក្រាម។
ដោយឡែកបរិមាណតម្រូវការក្នុងទីផ្សារ គឺមិនមានអ្វីជាបញ្ហានោះទេ ដោយគេអាចទទួលទិញក្នុង ១ថ្ងៃរហូតដល់ ១ ០០០គីឡូក្រាម ឬច្រើនជាងនេះនៅរដូវនេះ។
ដោយសារត្រសក់អាចជួយអោយគាត់មានប្រាក់ចំណូលគ្រប់រដូវ កសិករ ប៊ូ ឆោម បាននិងកំពុងពង្រីកដីដាំដុះដំណាំត្រសក់ ០១ហិចតាបន្ថែមទៀត ហើយនៅពេលប្រមូលផលត្រសក់នេះអស់ គាត់គ្រោងនឹងដាក់ដាំដំណាំយកស្លឹកនៅក្នុងរងត្រសក់នេះឡើងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម