ថ្ងៃព្រហស្បតិ៍ ៧រោចរោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងប្រើប្រាស់អាគារប្រមូលផ្តុំកសិផលរបស់កម្មវិធី ASPIRE ស្ថិតក្នុងភូមិទួលគគីលើ ឃុំទួលគគី ស្រុកមណ្ឌលសីមា។ ដោយមានការសម្របសម្រួលពីក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងមានការចូលរួមពី ប្រធាន អនុប្រធានបណ្តុំ និងកសិករគម្រូបណ្តុំអាជីវកម្មមាន់ និងត្រី។
កិច្ចប្រជុំបានផ្សព្វផ្សាយជូនកសិករអ្នកចូលរួមអំពីវត្ថុបំណងនៃការសាងសង់អាគារប្រមូលផ្តុំកសិផលប្រភពថវិការនៃការសាងសង់អគារ និងការគ្រប់គ្រងប្រើប្រាស់ ក្នុងនោះដើម្បីអោយការគ្រប់គ្រង និងប្រើប្រាស់អាគារនេះប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំបានឯកភាពគ្នាបោះឆ្នោតជ្រើសតាំងគណៈកម្មការគ្រប់គ្រងអាគារប្រមូលផ្តុំនេះ ដែលសមាសភាពជ្រើសរើសចេញពីកសិករសមាជិកបណ្តុំអាជីវកម្មដែលបានបង្កើត ដោយក្នុងនោះជ្រើសរើសបានសមាសភាពគណ:កម្មការចំនួន ០៥រូប រួមមាន៖ កញ្ញា ឃុត ម៉ាលីវ៉ាន់ ប្រធាន, លោក ឈួន ឈឺន អនុប្រធាន, លោកស្រី រឿន ធារី អ្នកទទួលបន្ទុកផ្នែកទីផ្សារ, លោក រិន ស៊ីនួន អ្នកត្រួតពិនិត្យគុណភាពទំនិញ, និងលោក ហ្វាន់ សំយ៉ុត ជំនួយការទូទៅ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម