ពិធីផ្តល់ទុនសហវិនិយោគគាំទ្រផែនការអាជីវកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែងក្នុងតង់
ចេញ​ផ្សាយ ១៧ កញ្ញា ២០២១
115

ថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

វេលាម៉ោង ០៩ : 00 នាទីព្រឹក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំពិធីផ្តល់ទុនសហវិនិយោគគាំទ្រផែនការអាជីវកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែងក្នុងតង់ ចំនួន ៦០គ្រួសារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅសាលប្រជុំសាលាស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរ និងមន្រ្តីជំនាញ នៃកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មេឃុំអណ្តូងទឹក មេឃុំកណ្តោល ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងប្រជាកសិករដែលត្រូវទទួលបាននូវសម្ភារធាតុចូលកសិកម្ម មានអ្នកចូលសរុប ចំនួន ៧៤នាក់ ស្រី ២៧នាក់។

  • សម្ភារធាតុចូលដែលត្រូវផ្តល់ជូនកសិកររួមមាន៖ កូនត្រីអណ្តែង ចំនួន ៣០០កូន និងតង់សម្រាប់ធ្វើអាងចិញ្ចឹមត្រី ចំនួន ០១ ក្នុង 0១គ្រួសារ
  • ដោយឡែកសម្រាប់កសិករបង្ហាញទទួលបានកូនត្រីពូជចំនួន ៨៥០កូន និងតង់ចំនួន 0៣ ក្នុង 0១គ្រួសារ។
  • ក្នុងឱកាសពិធីផ្តល់ទុនសហវិនិយោគ គាំទ្រផែនការអាជីវកម្មបណ្តុំអាជីវកម្មចញ្ចឹមត្រីអណ្តែងក្នុងតង់ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាកសិករ និងប្រជានេសាទទាំងអស់ឱ្យយកចិត្តទុកដាក់ដូចខាងក្រោម៖
  1. សូមចុះទៅពិនិត្យមើល ស្រែចម្ការ របស់បងប្អូនឱ្យបានញឹកញាប់ ថាតើមានសត្វល្អិត ឬជម្ងឺអ្វីខ្លះ មកបំផ្លាញដំណាំរបស់យើង និងធ្វើការកំចាត់ឱ្យទាន់ពេលវេលា ឬរាយការណ៍មកភ្នាក់ងារផ្សព្វផ្សាយកសិក​ម្ម​ឃុំ ដែលនៅជិតបងប្អូនប្រជាកសិករ ចៀសវាងប៉ះពាល់ដល់ទិន្នផលដំណាំរបស់បងប្អូន។
  2. ការចិញ្ចឹមគោ-ក្របី សូមកុំលែងសត្វរបស់បងប្អូន ទៅវាលស្មៅ និងប្រភពទឹករួម ព្រោះជាហេតុបង្កឱ្យមានការឆ្លងរាលដាលលឿនដល់ហ្វូងសត្វគោ-ក្របីរបស់បងប្អូន។ ម្យ៉ាងទៀតការចិញ្ចឹមគោ-ក្របី ត្រូវតែមានខ្សែកន្លុះ និងគ្រោល ដើម្បីងាយស្រួលក្នុងការគ្រប់​គ្រង ថែទាំចាក់វ៉ាក់សាំងបានទៀងទាត់ និងសូមកុំលែងសត្វចូលទៅក្នុងព្រៃជ្រៅ ដែលលំបាកក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាល។
  3. ក្នុងរបរនេសាទ សូមបងប្អូនប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យហិនហោចមឆ្ឆជាតិរបស់យើង ពិសេសរដូវបិទនេសាទ។
  4. សូមបងប្អូនប្រជាពលរដ្ឋ កុំកាប់រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃលិចទឹក និងដីព្រៃឈើរបស់រដ្ឋ វាទយកធ្វើជាកម្មសិទ្ធិខុសច្បាប់។
ចំនួនអ្នកចូលទស្សនា
Flag Counter