ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១
លោក ជួប ជឿន នាយរងផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល និងលោក ទូច វន្ថា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែអំបិល សហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្ដាល ដឹកនាំដោយលោក ឡុង ប៊ុង បានចុះពិនិត្យចម្ការឈើដាំ (ឈើច័ន្ទគ្រឹះស្នា) របស់ក្រុមហ៊ុន សុធី សុវិត្យា ស្ថិតនៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រុមហ៊ុនសុធី សុវិត្យា បានធ្វើការដាំឈើច័ន្ទគ្រឹះស្នាចាប់តាំងពីឆ្នាំ ២០១៥ លើផ្ទៃដីទំហំ ៣០០ហិកតា ដែលបានដាំលាយចម្រុះជាមួយដើមឈើគ្រញូង ក្នុងគម្រោង ១លានដើម។ បច្ចុប្បន្នក្រុមហ៊ុនបានដាក់ពាក្យស្នើសុំទៅរដ្ឋបាលព្រៃឈើដើម្បីធ្វើការដកហូតឈើច័ន្ទគ្រឹះស្នាមួយចំនួន ដើម្បីចម្រាញ់យកប្រេងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ តាមលទ្ធផលនៃការចុះពិនិត្យសិក្សាជាក់ស្ដែងឃើញថា ដើមឈើច័ន្ទគ្រឹះស្នា ចំនួនប្រមាណ ៥០០ ០០០ ដើម មានអង្កត់ផ្ចិតទំហំ ១៥សង់ទីម៉ែត្រ ឡើងទៅ និងមានកម្ពស់ពី ៨-១២ ម៉ែត្រ ដែលអាចធ្វើការកាត់ដកហូតចម្រាញ់យកប្រេង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម