ពិធីផ្ដល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មចេក
ចេញ​ផ្សាយ ០៥ វិច្ឆិកា ២០២០
182

ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ 

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាង លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាកិត្តិយសក្នុងពិធីផ្ដល់ទុនគាំទ្រធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មចេក មកពីឃុំថ្មដូនពៅ និងឃុំឬស្សីជ្រុំ ក្នុងស្រុកថ្មបាំង សរុបចំនួន ៦៥ នាក់ ដែលរៀបចំឡើងនៅសាលប្រជុំសាលាស្រុកថ្មបាំង ដោយមានការចូលរួមពីអាជ្ញាធរស្រុកថ្មបាំង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងស្រុក ព្រមទាំងប្រជាកសិករសមាជិកបណ្តុំអាជីវកម្មចេក។ ក្នុងឱកាសនោះផងដែរ លោក អុី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង និងជាប្រធានគ្រប់គ្រងអនុកម្មវិធីASPIRE ខេត្ត បានរាយការណ៍អំពីវឌ្ឍនភាព កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ "ASPIRE" ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល។ នៅឆ្នាំ២០២០នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បានអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុក្នុងស្រុកគោលដៅចំនួន ០៦ ដែលមាន ១៥ ឃុំ។ បណ្តុំអាជីវកម្មចំនួន ១៤ មានសមាជិក ៤៩៣ គ្រួសារ បានសម្របសម្រួលបង្កើតឡើង ក្នុងនោះរួមមាន អាជីវកម្មចេក ចំនួន ០២ មាន ៦៥ គ្រួសារ បណ្តុំអាជីវកម្មបន្លែចំនួន ០៤ មាន ១៥០ គ្រួសារ បណ្តុំអាជីវកម្មមាន់ ចំនួន ០២ មាន ៦៥ គ្រួសារ បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ០១ មាន ៣៥ គ្រួសារ បណ្តុំអាជីវកម្មស្វាយចន្ទីចំនួន ០៣ មាន ១១២ គ្រួសារ បណ្តុំអាជីវកម្មឃ្មុំចំនួន ០១ មាន ៣៤ គ្រួសារ និងបណ្តុំអាជីវកម្មកែច្នៃបង្គាក្រៀមចំនួន ០១ មាន ៣២ គ្រួសារ ។ ហើយក្នុងបរិយាកាសប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាដោយសារជំងឺកូវីដ១៩នេះ កម្មវិធីបានគាំទ្រទុនដល់គ្រួសារសមាជិកបណ្តុំចំនួនសរុប៤៩៣គ្រួសារ ស្មើនឹងទឹកប្រាក់សរុប ១៤៨ ៥១៥ ០០០រៀល ដែលក្នុងថ្ងៃនេះកម្មវិធីគាំទ្រចំនួន ៦៥ គ្រួសារ ស្មើនឹង ២៧ ២៦៨ ០០០រៀល។ លោកអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានកោតសរសើរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានអនុវត្តកម្មវិធី ASPIRE និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខេត្តកោះកុង ជាពិសេសការគាំទ្រទុនជូនដល់សមាជិកបណ្តុំដើម្បីបង្ករបង្កើនផលក្នុងកាលៈទេសៈប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។ លោក បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដោះស្រាយថវិកាជូនកម្មកររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នតាមរយៈគណៈភិបាលខេត្ត និងជំនាញពាក់ព័ន្ធកំពុងធ្វើការកាត់ឆ្វៀលដីកសិកម្មជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ងាកមកប្រកបការងារកសិកម្ម និងជួយដោះស្រាយជីវភាពក្នុងគ្រួសារ ហេតុដូច្នេះការចែកជូននូវទុនគាំទ្រជូនប្រជាពលរដ្ឋស្របតាមគោលការណ៍នៃកម្មវិធី ASPIRE គឺពិតជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករអោយមានដើមទុនមួយចំណែក ហើយក្នុងនោះអង្គភាពជំនាញកសិកម្មមួយនេះនិងបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសបន្ថែមទៀត ដើម្បីអោយកសិករអាចផលិតបាននូវផលិតផលល្អ និងមានគុណភាព ផ្គត់ផ្គង់ទៅកាន់ទីផ្សារ ជាពិសេសបង្កើនបាននូវប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនីមួយៗ។  លោកក៏បានធ្វើការណែនាំអោយប្រជាកសិករសមាជិកបណ្តុំទាំងអស់ដែលទទួលបានទុនហើយនោះ ត្រូវយកទៅប្រើប្រាស់អោយត្រូវតាមតម្រូវការរបស់ខ្លួនក្នុងការដាំដុះដំណាំចេក ជាពិសេសតាមគោលការណ៍របស់កម្មវិធី ធ្វើយ៉ាងណាបង្កើនការផលិតផលិតផលចេកដែលជាផលិតផលសក្តានុពលក្នុងតំបន់ស្រុកថ្មបាំងយើងនេះ អោយបានច្រើន គ្រប់ទៅតាមទីផ្សារត្រូវការ។ លោកអភិបាលរង បានជូនពរអោយប្រជាកសិករសមាជិកបណ្តុំ ផលិតកសិផលអោយបានច្រើនដោយការយកចិត្តទុកដាក់ថែទាំ ការពារអាជីវកម្មកសិកម្មរបស់ខ្លួន និងកុំអោយមានផលប៉ះពាល់ដល់គ្នាទៅវិញទៅមក ជាពិសេសទទួលបាននូវសុខភាពល្អជៀសផុតពីជំងឺទាំងឡាយ។ ក្នុងពិធីនេះ គណៈអធិបតី បានអញ្ជើញជាកិត្តិយផ្តល់ទុនគាំទ្រធាតុចូល ជូនដល់គណៈកម្មការគ្រប់គ្រងបណ្តុំជានិមិត្តរូប និងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter