ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក ឡាង គីរី អនុប្រធានមន្ទីរ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយ-នាយរងផ្នែករដ្ឋបាលព្រៃឈើដងទង់ ដោយមានកិច្ចសហការជាមួយអាជ្ញាធរដែនដី នៃស្រុកកោះកុង រួមមានលោកអភិបាលរងស្រុក តំណាងមេឃុំត្រពាំងរូង លោកមេឃុំជ្រោយប្រស់ និងមន្ត្រីជំនាញមួយចំនួនទៀត ដែលមានការពាក់ព័ន្ធ សរុបចំនួន ១០នាក់ បានបន្តចុះពិនិត្យជាក់ស្ដែង ការកាប់ទន្ទ្រានវាតយកដីរដ្ឋដោយខុសច្បាប់ក្នុងចម្ការឈើអាកាស្យា នៃសម្បទានដីសេដ្ឋកិច្ចរបស់ហ៊ុន GREEN RICH GROUP Co.LTD ស្ថិតក្នងភូមិសាស្ត្រឃុំត្រពាំងរូង និងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ក្រុមការងារក៏បានចុះពិនិត្យជាក់ស្ដែង ការស្ថាបនាផ្លូវថ្មី ០១ខ្សែ ពីភូមិសាស្ត្រឃុំត្រពាំងរូង ឆ្ពោះទៅភូមិសាស្ត្រឃុំជ្រោយប្រស់ កាត់ចម្ការឈើអាកាស្យាចម្ងាយប្រវែងប្រមាណ១១គីឡូម៉ែត្រ ក្នុងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន GREEN RICH GROUP Co.LTD ធ្វើឱ្យមានការប៉ះពាល់ចម្ការឈើអាកាស្យាប្រហែល ៥២ហិកតា ដាំក្នុងចន្លោះឆ្នាំ២០០៤-២០១៥ ដែលក្រុមហ៊ុនមិនទាន់បានធ្វើអាជីវកម្មនៅឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម